ឥទ្ធិពលនៃ​ការ​ច្រូត​ស្រូវ​ខ្ចី និង​​ពូជខុសគ្នាទៅ​លើ​ទិន្នផល​និង​លក្ខណៈភាព​អន្ធិល​របស់​អង្ករសម្រូប

អត្ថបទទី៤ របស់លោក ចៅ ស៊ិញ មានចំណងជើងថា «ឥទ្ធិពលនៃ​ការ​ច្រូត​ស្រូវ​ខ្ចី និង​​ពូជខុសគ្នាទៅ​លើ​ទិន្នផល​និង​លក្ខណៈភាព​អន្ធិល​របស់​អង្ករសម្រូប​ (Effect of Early Harvest and Variety Difference on Grain Yield and Pasting Properties of Brown Rice)» ត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្ដី Crops MDPI ។ យើងសូមជូនសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ជាភាសាខ្មែរដូចខាងក្រោម ។

សេចក្ដី​សង្ខេប ៖ អង្ករ​បៃតង​ដែល​ប្រមូលផល​មុន​ពេល​ស្រូវទុំ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ជាង​អង្ករ​សម្រូប​ស្រូវ​ទុំ ។ ការធ្វើពិសោធន៍​រយៈពេល​ពីរ​ឆ្នាំដោយដាំ​ស្រូវ​ក្នុង​លក្ខខណ្ឌ​ស្រូវ​ចម្ការ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កំណត់​អំពី​ប្រសិទ្ធភាព​នៃ​ប្រភេទ​ពូជ ការ​ច្រូត​ស្រូវ​ខ្ចី និង​អន្តរកម្ម​នៃ​កត្តា​ទាំងពីរ​នេះ​ទៅ​លើ​ទិន្នផល និង​លក្ខណៈ​ភាព​អន្ធិល​របស់​អង្ករ​សម្រូ​ប ។ ស្រូវ​ចំនួន ៨ ពូជ ត្រូវ​បាន​ដាំ​នៅ​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់ ឬ​ខ្វះខាត​ទឹក និង​ប្រមូលផល​ក្នុង​ចន្លោះ ១៥ ទៅ ៣៥ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា ។ ទិន្នផល​អង្ករបៃតង​អតិបរមា​អាច​ទទួ​ល​បាន​នៅ​ពេល​ច្រូត​កាត់​ក្នុង​ចន្លោះ ២០ ទៅ ២៥ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់ និង​ពី​ចន្លោះ ១៥ ទៅ ២០ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក ។ ទិន្នផលស្រូវ​ពេល​ប្រមូលផល​ក្នុង​ពេលវេលា​ទាំងនេះ​ជា​មធ្យម​ទទួល​បាន ៦៦% នៃ​ទិន្នផល​ស្រូវ​ទុំ ។ ប្រភេទ​ពូជ​មាន​សង្គតភាព​​ទិន្នផល​ពេល​ប្រមូលផល​ចន្លោះ ២០ ទៅ ២៥ ថ្ងៃ​បន្ទាប់​ពីចេញ​ផ្កា ដោយ​មាន​មេគុណទំនាក់ទំនង ០,៨៩៧** រវាង​ឆ្នាំដាំដុះទីមួយ​និង​ទីពីរ ។ ការវិភាគ​លក្ខណៈ​ភាព​អន្ធិល​រហ័ស (RVA) បង្ហាញ​ថា អង្ករស្រូវ​ខ្ចី​មាន​ភាព​អន្ធិល​ទាប​ជាង​អង្ករ​ស្រូវ​ទុំ ។ ប៉ុន្តែវិបរិណាម​ពូជ​មាន​ឥទ្ធិលលើ​លក្ខណៈ​ភាព​អន្ធិល​ខ្លាំងជាង​ពេល​វេលា​ច្រូតកាត់ ។ ប្រភេទ​ពូជ​មាន​សង្គតភាព​លក្ខណៈ​ភាព​អន្ធិល​រវាង​អង្ករស្រូវខ្ចី និង​អង្ករស្រូវ​ទុំ និង​រវាង​ឆ្នាំ​ដាំដុះ ។ ការ​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក​កាត់​បន្ថយ​ទិន្នផល​ស្រូវ ប៉ុន្តែ​មិន​មាន​ឥទ្ធិល​គួរ​កត់សម្គាល់​ទៅ​លើ​លក្ខណៈ​ភាព​អន្ធិល​នៃ​ម្សៅ បរិមាណ​អាម៉េឡូស និង​ប្រូតេអ៊ីន​ទេ ។ លទ្ធផល RVA បង្ហាញ​ថា ភាព​អន្ធិល​ចុងក្រោយ និង​ភាពអន្ធិល​បន្ទាប់​ពី​សីតុណ្ហភាព​ចុះ​ត្រជាក់​របស់​ម្សៅ​អង្ករសម្រូប​ច្រូត​នៅ​ ១៥ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា គឺ​មាន​ត្រឹមតែ ៨៤% និង ៧៦% នៃ​ភាព​អន្ធិល​របស់​អង្ករស្រូវទុំ​ប៉ុណ្ណោះ ជា​សញ្ញា​បង្ហាញ​ថា ​អង្ករ​ស្រូវ​ខ្ចី​អាច​នឹង​ដាំជា​បាយ​ទន់​ជាង​អង្ករ​ស្រូវ​ទុំ ។ លទ្ធផល​បង្ហាញ​ពី​ការប្រែប្រួល​ខុសគ្នា (វិបរិណាម) ​នៃ​​លក្ខណៈ​ភាព​អន្ធិល​រវាង​អង្ករស្រូវ​ខ្ចី និង​អង្ករ​ស្រូវទុំ ផ្ដល់​នូវ​ជម្រើស​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​កែច្នៃ​ចំណីអាហារ​តាម​លក្ខណៈ​ភាព​អន្ធិល​ដែល​ចង់បាន ៕

សេចក្ដី​សន្និដ្ឋាន ៖ ការ​សិក្សានេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រមូលផល​ស្រូវ​ខ្ចី​លើ​ទិន្នផល លក្ខណៈ​ភាព​អន្ធិល និង​សារធាតុ​គីមី ។ ទិន្នផល​អង្ករ​បៃតង​អតិបរមា​ទទួល​បាន​នៅ​ពេល​ច្រូត​ស្រូវ​ក្នុង​ចន្លោះ ២០ ទៅ ២៥ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់ និង​ពី​ចន្លោះ ១៥ ទៅ ២០ ថ្ងៃ​បន្ទាប់​ពី​ចេញ​ផ្កា​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក ។ អង្ករស្រូវ​ខ្ចី​មាន​ភាព​អន្ធិល​ទាប​ជាង​អង្ករស្រូវ​ទុំ ជា​សញ្ញា​ប្រាប់ថា បាយ​អង្ករ​ស្រូវ​ខ្ចី​ទន់​ជាង​បាយ​អង្ករ​ស្រូវ​ទុំ ។ លក្ខណៈ​ភាព​អន្ធិល​នៃ​ពូជ​ខុសគ្នា​គឺ​មាន​វិបរិណាម​ធំ និង​មាន​សង្គតភាព​រវាង​ឆ្នាំ​ដាំដុះ​ទាំង​ពីរ ។ ប្រៀបធៀប​នឹង​លក្ខខណ្ឌ​ទឹកគ្រប់គ្រាន់ ការ​ដាំដុះ​ដោយ​ខ្វះខាតទឹក​កាត់​បន្ថយ​ទិន្នផល ប៉ុន្តែ​គ្មាន​ភាព​ខុស​គ្នា​ចំពោះ​បរិមាណ​អាមីឡូស ប្រូតេអ៊ីន និង​លក្ខណៈ​ភាពអន្ធិល​របស់​អង្ករ​សម្រូប រវាង​លក្ខខណ្ឌ​ដាំដុះ​ទាំង​ពីរទេ ។ គំហើញ​ពី​ការប្រែប្រួល​ខុសគ្នា (វិបរិណាម) ​នៃ​​លក្ខណៈ​ភាព​អន្ធិល​រវាង​អង្ករស្រូវ​ខ្ចី និង​អង្ករ​ស្រូវទុំ ផ្ដល់​នូវ​ជម្រើស​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ចំណីអាហារ​តាម​លក្ខណៈ​ភាព​អន្ធិល​ដែល​ចង់បាន ៕

សូមចុចទីនេះដើម្បីមើលអត្ថបទជាភាសាអង់គ្លេសដែលបានបោះពុម្ពផ្សាយ

Leave a comment