កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ

Paddy and BR germination

ថ្មីៗនេះ លោក ចៅ ស៊ិញ បានចេញផ្សាយអត្ថបទមួយមានចំណងជើងថា «កត្តា​កំណត់ពី​ភាពខុសគ្នា​នៃសេណេទិក​ក្នុង​ល្បឿនដុះរបស់​គ្រាប់ស្រូវ (Factors determining genotypic variation in the speed of rice germination)» នៅក្នុងទស្សនាវដ្ដី Agronomy-DMPI ។ យើងសូមជូនខ្លឹមសារជាខ្មែរនៃសេចក្ដីសង្ខេប និងសេចក្ដីសន្និដ្ឋាន ដូចខាងក្រោម ៖

សេចក្ដីសង្ខេបៈ ដំណុះ​លឿន​គឺ​មាន​សារសំខាន់​ទាំងក្នុងការ​ដាំស្រូវ​ដោយ​គ្រាប់ផ្ទាល់​នៅស្រែ និង​ការ​ផលិត​អង្ករស្រូវដុះ​ដែល​ជា​អាហារ​ល្អ​សម្រាប់​សុខភាព ។ ​គោលបំណងនៃការសិក្សា​នេះ​គឺ​ធ្វើការ​វាយតម្លៃ​ពី​ភាព​ខុសគ្នា​នៃ​សេណេទិក​ក្នុង​ល្បឿន​ដុះ​របស់​គ្រាប់ស្រូវ និង​កំណត់​អត្តសញ្ញាណ​កត្តា​ដែល​កំណត់​ល្បឿនដុះ ។ ការ​ពិសោធន៍​ចំនួន ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កំណត់ ៖ (១) ផលវិបាក​នៃ​ការ​បក​ស្រទាប់​អង្កាមទៅ​លើ​ការស្រូប​យក​ទឹក និង​ដំណុះរបស់​គ្រាប់ស្រូវ (២) សង្គតភាព​នៃ​សេណេទិក​ក្នុង​ល្បឿនដុះ​របស់​គ្រាប់​ស្រូវ​ដែល​បាន​មក​ពីការ​ដាំដុះ​និង​ប្រមូលផល​បី​ឆ្នាំ​ជាប់​គ្នា (៣) ឥទ្ធិពល​របស់​ទំហំ​គ្រាប់​ស្រូវ​លើ​ល្បឿន​នៃ​ដំណុះ ។ ល្បឿន​ដុះ​របស់​គ្រាប់ស្រូវ និង​អង្ករ​សម្រូប​មាន​ទំនាក់ទំនងគ្នា​នឹងអត្រាសំណើមរបស់​​គ្រាប់​នៅ​ដំណាក់កាល​ដំបូង​បន្ទាប់​ពី​ត្រាំ ប៉ុន្តែ​ក៏មាន​អន្តរកម្ម​រវាង​ពូជស្រូវ​និង​ប្រភេទគ្រាប់ (ស្រូវ និង​អង្ករសម្រូប) ផងដែរ ហើយ​ពូជ​នីមួយៗ​មាន​ប្រតិកម្ម​ខុសគ្នា​ទៅ​នឹង​ការ​បក​ស្រទាប់​អង្កាម ។ គ្រាប់ស្រូវ​ដែល​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ខ្វះខាត​ទឹក​មាន​ល្បឿន​ដុះ​យឺត​ជាង​គ្រាប់ស្រូវ​ដាំដុះ​ក្នុង​លក្ខខណ្ឌ​ទឹក​គ្រប់គ្រាន់​បន្តិច ។ ក្នុងចំណោម​សេណេទីប​ស្រូវ​បាន​មក​ពីការ​បង្កាត់​រវាង​ពូជ Sherpa និង IRAT109 គ្រាប់ស្រូវដែល​មាន​ទំហំ​តូច ​មាន​ទំនោរ​ដុះ​លឿន​ជាង​គ្រាប់​ដែល​មាន​ទំហំ​ធំជាង ប៉ុន្តែ​ទំហំ​គ្រាប់​របស់​ពូជស្រូវ​ប្រភេទ​ស្ដង់ដា​ផ្សេងៗ​ដែល​បាន​សិក្សា ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ល្បឿន​ដុះ​របស់​គ្រាប់​ទេ ។ គេអាច​សន្និដ្ឋានបាន​ថា លំដាប់​លេខរៀង​របស់​សេណូទីប​ក្នុង​ល្បឿន​ដំណុះ​គឺ​មាន​សង្គតភាព​ទោះជា​ដាំដុះ​ក្នុង ​រដូវកាល និង​លក្ខខណ្ឌ​ស្រោចស្រព​ខុសគ្នា​ក៏​ដោយ ហើយកម្រិត​រារាំង​របស់​​​ស្រទាប់​អង្កាម និង​ស្រទាប់សម្បក​ស្រោប​អង្ករសម្រូប​​ដល់ការ​ស្រូប​យកទឹក​របស់គ្រាប់ ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​ល្បឿន​ដុះ​របស់​គ្រាប់​ស្រូវ ។ ​ភាពខុសគ្នា​នៃ​សេណេទិក​ក្នុង​ល្បឿនដុះនៅ​ក្នុងការ​សិក្សានេះ មានប្រយោជន៍​​ដល់​ការ​អនុវត្ត​ជាក់ស្ដែង ​ទាំងការ​ដាំដុះ​ស្រូវ​នៅ​ក្នុងស្រែ និង​ការ​បណ្ដុះ​គ្រាប់​ស្រូវ​នៅ​ក្នុង​ការ​កែច្នៃ​ម្ហូបអាហារ ។

សេចក្ដីសន្និដ្ឋានៈ ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា មានភាព​ខុសគ្នា​នៃ​សេណូទិក​ក្នុង​ល្បឿនដុះ​រវាង​ពូជស្រូវផ្សេងៗ ។ ភាព​ងាយស្រួល​ក្នុងការ​ស្រូប​យកទឹក និង​ទំហំ​គ្រាប់​ គឺ​ជា​កត្តា​ចម្បង​រួម​ចំណែក​ដល់​ភាព​ខុសគ្នា​នេះ ។ ការ​ស្រូបយកទឹក​របស់​គ្រាប់ស្រូវ​នៅ​ដំណាក់កាល​ដំបូង​បន្ទាប់ពីត្រាំ​មាន​ទំនាក់ទំនង​ជាមួយ​ល្បឿនដុះ ហើយ​ពូជស្រូវ​ដែល​មាន​សំណើម​គ្រាប់​ខ្ពស់ជាង​បន្ទាប់​ពីត្រាំ​បាន​ ៣ម៉ោង មាន​ទំនោរ​ដុះ​លឿន​ជាង ។ ការ​ស្រូប​យកទឹក​របស់​គ្រាប់​ស្រូវ​ត្រូវ​បាន​រារាំង​ដោយ​ស្រទាប់​អង្កាម ដោយជាដំបូង​​វា​បាន​រារាំងដល់​ការ​ស្រូប​យក​ទឹក​ និង​ជា​លទ្ធផល​ពន្យា​ដល់​ល្បឿនដុះ​របស់​គ្រាប់ ។ គ្រាប់ស្រូវ​ស្រូប​យក​ទឹក​បាន​តិចជាង​គ្រាប់អង្ករសម្រូប​ ១០% បន្ទាប់​ពី​ត្រាំ​បាន​បី​ម៉ោង ហើយ​រយៈពេលដុះ​ដល់​កម្រិត ៧០% គឺ​យឺតជាងអង្ករសម្រូបចំនួន ១៩ម៉ោង ។ ក្នុងចំណោម​សេណេទីប​ស្រូវ​បាន​មក​ពីការ​បង្កាត់​រវាង​ពូជ Sherpa និង IRAT109 គ្រាប់ស្រូវដែល​មាន​ទំហំ​តូច ​​ដុះ​លឿន​ជាង​គ្រាប់​ដែល​មាន​ទំហំ​ធំជាង ។ ប៉ុន្តែ​ទំនាក់ទំនង​រវាងទំហំ​គ្រាប់​និង​ល្បឿនដុះ​នេះ ពុំ​ឃើញ​មាន​ចំពោះ​ពូជស្រូវ​ប្រភេទ​ស្ដង់ដា​ផ្សេងៗ​ដែល​បាន​សិក្សាទេ គឺ​វា​បាន​ឆ្លុះបញ្ចាំង​ពីលទ្ធផល​នៅ​ក្នុង​បណ្ណាល័យសាស្ត្រ​ដែល​បង្ហាញ​ថា នៅ​ក្នុង​រង្វង់​ពូជ​ស្រូវ​តែ​មួយ ទំហំគ្រាប់​មាន​ឥទ្ធិពល​ទៅ​លើ​ល្បឿន​ដុះ ។ ភាពខុសគ្នា​នៃ​សេណេទិក​ក្នុង​ល្បឿនដុះនៅ​ក្នុងការ​សិក្សានេះ មានប្រយោជន៍​​ដល់​ការ​អនុវត្ត​ជាក់ស្ដែង ​ទាំងការ​ដាំដុះ​ស្រូវ​នៅ​ក្នុងស្រែ និង​ការ​បណ្ដុះ​គ្រាប់​ស្រូវ​នៅ​ក្នុង​ការ​កែច្នៃ​ម្ហូបអាហារ ។

លោកអ្នកអាចអាន​អត្ថបទទាំងស្រុងជាភាសាអង់គ្លេស ដោយចុចទីនេះ

Leave a comment