ឋានសួគ៌នៅឯណា?

ដោយ ឈាត​ ស្រ៊ាង |

មនុស្ស​ខ្មែរ​ភាគ​ច្រើន​ដែល​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា និង​ជឿ​លើ​ការ​ទេសនា​របស់​ព្រះ​សង្ឃ​អំពី​សេចក្តី​សុខ តែង​ស្រមៃ​ចង់​ទៅ​ឋាន​សួគ៌។ អ្វី​ដែល​ផ្សាយ​តៗ​គ្នា​រហូត​មក គឺ​ឋាន​សួគ៌​មាន​ តែ​ទាល់​តែ​ជាតិ​ក្រោយ។ មាន​ន័យ​ថា ទាល់​តែ​ក្រោយ​ការ​ស្លាប់ ព្រោះ​ព្រសង្ឃជឿ​ថា ជីវិត​នឹង​កើត​ទៀត ដោយ​អំណាច​​កម្ម​ផល។ ប៉ុន្តែ​ចុះ​បើ​មិន​មាន​ជាតិ​ក្រោយវិញ? ចុះ​បើ​យើង​រក​ឃើញ​ឋាន​សួគ៌​នៅ​ក្នុង​ពេល​ដែល​យើង​រស់​នៅ​វិញ វា​នឹង​ក្លាយ​ជា​រឿង​ប្រពៃ​ណាស់​ទៅ ហើយ ដោយ​មិន​ចាំ​បាច់​ឲ្យ​យើង​រង់​ចាំ​ដល់​ជាតិ​ក្រោយ ដែល​មិន​ដឹង​ថា​មាន​ឬអត់​ផង​នោះ។ ពេល​នេះ​ ខ្ញុំ​ចង់​ចូល​រួម​ធ្វើ​ការ​បក​ស្រាយ​អំពី​ជំនឿ​អំពី​ឋាន​សួគ៌​នេះ និង​ផ្លូវ​ទៅ​រក​ឋាន​សួគ៌​ក្នុង​ជាតិ​នេះ​ដោយ​ពិត​ៗ។

ដើម្បី​ឆ្លើយ​នឹង​សំនួរ​ថា​​តើ​ឋាន​សួគ៌​នៅ​ឯណា? ឬ​ឯណា​ទៅ​ឋាន​សួគ៌? យើង​អាច​យក​ការ​បក​ស្រាយ​នៅ​ក្នុង​ចំរៀងល្បី​១បទ​របស់​លោក​ស៊ិន​ស៊ីសាមុត​ ​ក្រោម​ចំណង​ជើង​ថា ឯណា​ទៅ​ឋាន​សួគ៌ ​មក​ផ្តល់​ជា​គតិ​ខ្លះ​ៗ។ ឆ្លើយ​នឹង​សំនួរដែល​លើក​ឡើង​ដោយ​នារី​ម្នាក់​ជា​គូស្នេហ៍ថា ឯណា​ទៅ​ឋាន​សួគ៌ អ្នក​និពន្ធ​បាន​ធ្វើ​ការ​បង្ហាញ​ថា

នៅ​លើ​ថ្ពាល់​ លើ​ភ្នែក លើ​ទ្រូង​ស្នេហ៍ អូន​ដឹង​ទេ​នេះ​ជា​ឋានសួគ៌​យើង ធ្វើ​ចាប​ភ្លើង​មិន​ខ្លាច​ភ្លើង ភ្លើង​ស្នេហ៍មិន​ក្តៅ​ទេ​អូន ត្រជាក់​ណាស់​ស្ងួន​ព្រលឹង។

បងនឹកស្មាន​តែ​ឋាន​សួគ៌​នៅ​ឆ្ងាយ ឆ្ងាយ​ឯណា​នៅ​ជិត​បង្កើយ មួយ​ជីវិត​ស្គាល់​ឋាន​សួគ៌​ហើយ នរក​នៃ​ចិត្ត​ក្បត់​អើយ​ កុំ​ឲ្យ​ខ្ញុំ​ជួប។

អូន​ថែ​ពន្លឺស្នេហា ចិត្ត​និង​ចិត្ត​ជឿគ្នា កុំ​ក្បត់​គ្នា​ងាយ​ៗ ខ្លាច​គេ​និយាយ សើច​ពេបជ្រាយ ឡក​ឡើយ​ដៀល​ស្នេហា​យើង។

គេង​កើយ​ទ្រូង​បង​មក​ព្រលឹង មួយ​យប់​ហ្នឹង​យើង​នៅ​ទល់​ភ្លឺ អត់​ងងុយ​បើ​ស្អែក​ឡើង​ឈឺ បង​ជា​អ្នក​ថែ​ជំងឺ ថ្នម​អូន​ផ្ទាល់​ដៃ។

នេះ​ជា​ចំរៀង​ស្នេហា​ប្រុស​ស្រី​១គូ ដែល​ព្យាយាម​ចង់​បាន​សេចក្តី​សុខ ដូច​អ្វី​ដែល​គេ​និយាយ​ត​គ្នា​ថា​​មាន​តែ​នៅ​ឋាន​សួគ៌​នោះ ​ហើយ​ធ្វើ​យ៉ាង​ណា​ទើប​ទៅ​ដល់​ទី​នោះ​បាន។ សម្រាប់​ស្នេហា​ប្រុស​ស្រី​ ដូច​ដែល​អ្នក​និពន្ធ​ចំរៀង​នេះ​បានលើក​ឡើង​ខាង​លើ​នេះ ឋាន​សួគ៌​នេះ​នៅ​ជិត​បង្កើយ​សោះ មិន​នៅ​ឆ្ងាយ​ទេ អាច​ទៅ​ដល់​បាន​នៅ​ជាតិ​នេះ ដោយ​មិន​ចាំបាច់​ត្រូវ​រង​ចាំ​ដល់​ជាតិ​ខាង​មុខ​ដែរ។

ឋាន​សួគ៌​នេះ​នៅ​ជិត​អាច​ទៅ​ដល់​បាន​យ៉ាង​ងាយ​ប្រសិន​បើ​យើង​មាន​បញ្ញា ដឹង​ថា​តើ​ធ្វើ​យ៉ាង​ណា​​នឹង​រក​ឃើញ និង​ទៅ​ដល់។ ជាក់​ស្តែង​ក្នុង​ចំរៀង​ខាង​លើ ស្នេហា​ដែល​ជឿ​ចិត្តគ្នា កុំ​ក្បត់​គ្នា​ងាយ​ៗ ដែល​ជា​សេចក្តី​ចង់​បាន​នៃ​គូស្នេហា​ទាំងឡាយ គឺ​ជា​ឋានសួគ៌​ពិត។ ដូច្នេះ ឋានសួគ៌នេះ គឺ​នៅ​លើ​ចិត្ត និង​យល់​ពី​សច្ច​ធម៌​នៃ​ជីវិត។ សេចក្តី​ស្នេហា​ត្រូវ​ការ​ការ​រស់​នៅ​ជា​មួយ​គ្នា យល់​ចិត្ត​គ្នា ជឿគ្នា រស់​នៅ​ក្នុង​សហគមន៍​មួយ​​ដោយ​សុខ​សាន្ត គេ​យល់​ពីយើង​ យើង​យល់​ពី​គេ។ ទាំង​នេះ​ជា​ឋាន​សួគ៌​សម្រាប់​គូស្នេហ៍​១​គូ​នេះ។

ខ្ញុំ​គិត​ថា អត្ថន័យ​នៅ​ក្នុង​ចំរៀង​​នេះ បង្កប់​នូវ​សំនួរ​អំពី​ជីវិត​មនុស្ស​ខ្មែរ​នៅ​សម័យ​កាល​នោះ និង​សម័យ​កាល​ក្រោយ​ៗ​មក​ទៀតផង​ដែរ។ មនុស្ស​គ្រប់​គ្នា​ចង់​ទទួល​បាន​នូវ​អារម្មណ៍​សប្បាយ​សុខ​ស្រួល មិន​នឿយណាយ និង​មិន​មាន​ទុក្ខ​លំបាក។ ឋាន​សួគ៌​សម្រាប់​មនុស្ស​ខ្មែរ ជា​ទី​ឋាន​១​ដែល​ពោពេញ​ដោយ​សេចក្តី​សុខ សេចក្តី​សុខ​ជា​អចិន្ត្រៃយ៍​ មិន​មែន​ជា​សេចក្តី​សុខ​តិច​តួច​លិច​អណ្តែត​ដូច​អំពិល​អំពែក​ ដែល​មនុស្ស​លោក​មាន​នោះ​ទេ។ តើ​មាន​ឋាន​សួគ៌​ទេ?

តើ​មាន​ឋាន​សួគ៌​ទេ? បើ​មាន​នៅ​ឯណា?

​មនុស្ស​ជា​ទូ​ទៅ ​តែង​គិត​ថា ឋាន​សួគ៌​មាន​ពិត ប៉ុន្តែទាល់​តែ​​ទៅ​ជាតិ​ក្រោយ​ទើប​មាន​ឋាន​សួគ៌។ ដូច្នេះ ឋានសួគ៌​​នេះ​ហាក់​ជា​ទី​កន្លែង​ដែល​មិន​​មាន​នរណា​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ទើប​ទៅ​ដល់ ធ្វើ​សេចក្តី​ល្អ​បែប​ណា​ ទំហំ​ប៉ុណ្ណា រូប​ភាព​យ៉ាង​ណា​ ទើប​​អាច​ឲ្យ​យើង​ទៅ​ដល់​នោះ​ទេ។

ដោយសារ ឋាន​សួគ៌​ដែល​គាត់​ជឿ​នោះ ជា​ឋាន​សុខ​មួយ​ ​ដែល​ខ្លួន​ស្រមៃ​ថា​អាច​មាន​អត្ថិភាព ហើយ​ក្រោយ​ខ្លួន​ស្លាប់​ទៅ បើ​បុណ្យ​ខ្លួន​មាន​ច្រើន​ អាច​បណ្តាល​អោយ​ខ្លួន​បាន​ទៅដល់។ នេះ​ជា​ការ​ស្រមៃ​ ដែល​អាច​កើត​ឡើង​តែ​នៅ​ពេល​ខ្លួន​មាន​ជីវិត​ប៉ុណ្ណោះ ព្រោះថា​ក្រោយ​ពី​ស្លាប់​ទៅ​ខ្លួន​មិន​ទាំង​ដឹង​ថា​តើ​ខ្លួន​អាច​មាន​លទ្ធភាព​ស្រមៃ​ថា​នឹង​មាន​ឋាន​សួគ៌​បាន​ឬ​អត់​ផង។

តាម​ពិត​ឋាន​សួគ៌បើ​មាន​មែន ​គឺ​មិន​នៅ​ឆ្ងាយ​ទេ។ ឋានសួគ៌​ ​នៅ​ជិត​បង្កើយ​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​មាន​បញ្ញា។ ឋាន​សួគ៌​​នេះ​មិន​មែន​នៅ​ឆ្ងាយ​រហូត​ទៅ​មិន​ដល់ ឬ​រង​ចាំ​រហូត​ដល់​ខ្លួន​ស្លាប់​ទៅ​បាន​ទៅ​ដល់​នោះ​ទេ។ ឋាន​សួគ៌​នេះ ​គឺ​នៅ​ជាប់​​នឹង​មនុស្ស​គ្រប់គ្នា​ ដែល​មាន​បញ្ញា​អាច​មើល​ឃើញ និង​អាច​ប្រតិបត្តិ​ជីវិត​ល្អ​ប្រពៃ​​ដើម្បី​​បានទៅ​ដល់​។

ផ្ទុយ​ទៅ​វិញ ​អ្នក​ពុំ​មាន​បញ្ញា រួម​ទាំង​ព្រះ​សង្ឃ​ខ្លះ​ផង ទោះ​លោក​​ជា​សាមណៈ ឬ​អ្នក​សិក្សា​អំពី​ធម៌​របស់​ព្រះ​ពុទ្ធ​ យល់​មិន​បាន និង​ទៅ​មិន​ដល់ឋានសួគ៌​ទេ។ និយាយ​ម្យ៉ាង​ទៀត មាន​តែ​អ្នក​មាន​បញ្ញាទេ ទើប​អាច​មាន​លទ្ធភាព​ទៅ​ដល់​ឋាន​សួគ៌​ ដែល​ជា​ទី​ប្រកប​ដោយ​សេចក្តី​សុខ ពោពាស​ដោយ​សេចក្តីមេត្តា​ករុណា មិន​មាន​ការ​ច្រណែន​ឈ្នានីស សេចក្តី​សោកសង្រេង ទុក្ខ​ព្រួយ​គ្រប់​បែប​យ៉ាង សេចក្តី​ទោមនស្ស ការ​ត្រេក​ត្រអាល មន្ឌិល​សង្ស័យ និង​ទុក្ខ​ផ្សេង​ទៀត​ដែល​មនុស្សទូ​ទៅមាន។

តាម​ពិត​ទៅ ឋានសួគ៌​ គឺ​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់គ្នា។ គឺ​ចិត្ត​នេះ​ជា​ឋានសួគ៌ ជាប្រធាន​ពិត​ក្នុង​ការ​ស្វែង​រក​ឋាន​សួគ៌ ស្វែង​រក​សេចក្តីសុខ​ពិត​ប្រាកដ។ ឋានសួគ៌​មាន​តែនៅ​ក្នុង​ជីវិត​ ដែល​មាន​តែ​មួយ​​នេះប៉ុណ្ណោះ។ ការ​ស្វែង​រក​សេចក្តី​សុខ​នេះ ស្វែង​រក​ឋាន​សួគ៌​នេះ មិន​បាច់​ត្រូវ​រង​ចាំ​ដល់​ជាតិ​ក្រោយ​ទេ ព្រោះ​ថា​ជាតិ​ក្រោយ​មិន​មាន​ទេ។ ជាតិ​ក្រោយ​មិន​មាន​ដោយ​សារ​គ្មាន​នរណា​ដឹង​ថា​ ស្លាប់​ទៅ​យើង​ទៅ​ដល់​ណា​ទេ។ ហើយ​បើ​យើង​មិន​ដឹង​ថា​ទៅ​ដល់ណា ហើយ​យើង​ជឿ​ដោយ​ងងឹត​ងងុល​នោះ ក៏​ដោយ​សារ​យើង​គ្មាន​បញ្ញា​ដែរ។

ដូច្នេះ​បើ​ឋាន​សួគ៌​មាន​ពិត ហើយ​បើ​ឋាន​សួគ៌​គឺ​ចិត្ត ស្ថិត​នៅ​ក្នុង​ចិត្ត ហើយ​បញ្ញា​ជា​មាគ៌ា​នាំ​យើង​ទៅ​ដល់​ឋាន​សួគ៌​បាន យើង​ត្រូវ​សួរ​ថា តើ​ធ្វើ​យ៉ាង​ណា​ទើប​ឲ្យ​យើង​មាន​បញ្ញា? ហើយ​តើ​បញ្ញា​បែប​ណា​ទើប​នៃ​យើង​ទៅ​ដល់​ទី​ឋាន​ប្រកប​ដោយ​សេចក្តី​សុខ​បាន? ខាង​ក្រោយ​ខ្ញុំ​នឹង​ពន្យល់​ខ្លះ​ៗ​អំពី​សំនួរ​ខាង​លើ​នេះ។​

ធ្វើ​យ៉ាង​ណា​ទើប​ចិត្ត​មាន​បញ្ញា?

ដើម្បី​ឲ្យ​ចិត្ត​ប្រកប​ដោយ​បញ្ញា មនុស្ស​យើង​ចាំ​បាច់​ត្រូវ​សិក្សា​រៀន​ស្វែង​យល់​អំពី​ជីវិត​តាម​គ្រប់​រូប​ភាព​ទាំង​អស់។ មនុស្ស​គ្រប់គ្នា​អាច​មាន​ចិត្ត​ ប៉ុន្តែ​បើ​មិន​មាន​បញ្ញា​ទេ នោះ​ក៏​មិន​អាច​រក​សេចក្តី​សុខ ឬ​ឋាន​សួគ៌​ឃើញ​ដែរ។ ​ថា​តើ​ធ្វើ​យ៉ាង​ណា​ទើប​យើង​ទទួល​បាន​នូវ​បញ្ញា​បែប​នេះ​បាន? ខាង​ក្រោយ​ខ្ញុំ​នឹង​ជជែក​វែកញែក​អំពី​សំណួរ​ដែល​លើក​ឡើង​ខាង​លើ​នេះ។

នៅ​ក្នុង​សង្គម​ខ្មែរ ដោយ​ការ​ជឿ​លើ​ជាតិ​មុខ​ជាតិ​ក្រោយ ការ​បង្រៀន​អ្នក​ប្រតិបត្តិ​សាសនា​មិន​មែន​បង្រៀន​ឲ្យ​ពង្រឹង​បញ្ញា​នោះ​ទេ។ ខណៈ​ដែល​មនុស្ស​គ្រប់គ្នា​បាន​រៀន​ថា បញ្ញា​ជា​គ្រឿង​សំខាន់​សម្រាប់​ដឹកនាំ​ជីវិត គន្លង​នៃ​ការ​បង្រៀន​នេះមិន​បាន​បង្កើន​នូវ​បញ្ញា តែ​បែ​ជា​បង្កើត​នូវ​ទំលាប់​ផ្សេង​ៗ ដែល​យូរ​ៗ​ទៅ​ក្លាយ​ជា​ការ​ប្រតិបត្តិ​សឹង​ប្រៀប​បាន​នឹង​មនុស្ស​ឥត​បញ្ញា​ទាល់​តែ​សោះ។ ជាក់​ស្តែង​ ខណៈ​ដែល​ធម៌​កម្ម​ផល​ជា​ធម៌​បង្រៀន​សំខាន់​ក្នុង​ព្រះ​ពុទ្ធ​សាសនា មនុស្ស​គ្រប់​គ្នា​ជឿ​លើ​កម្ម​ផល​ដោយ​ងងឹត​ងងុល ដោយ​មិន​​មាន​ការ​ពិចារណា។ កម្ម​ជា​អំពើរ ហើយ​ផល​កើត​ឡើង​ពី​អំពើ។ នេះ​ជា​ធម្ម​ពិត។ ប៉ុន្តែ​កម្ម​អ្វី​ នាំ​ទៅ​រក​ផល​អ្វី​ គ្មាន​នរណា​បាន​បង្រៀន​ទេ។ ការ​បង្រៀន​ពី​នរក​ប្រែត គ្រាន់​តែ​ជា​គ្រឿង​សម្រាប់​បំភ័យ​មនុស្ស​ប៉ុណ្ណោះ តែ​មិន​បាន​ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន​ហេតុ​ និង​ផល ប្រកប​ដោយ​បញ្ញា​នោះ​ទេ។

មួយ​វិញ​ទៀត ការ​បង្រៀន​តៗ​គ្នា​រហូត​មក គឺ​ការ​ធ្វើ​បុណ្យ។ ការ​ធ្វើ​បុណ្យ​នេះ​ទៀត​សោត សំដៅ​ដល់​ការ​កសាង​កុសល តាម​អំពើ​ល្អ​របស់​ខ្លួន បំណង​ឲ្យ​បាន​ផល​ល្អ​ទៅ​ជាតិ​ខាង​មុខ។ ទោះ​ខ្ញុំ​មិន​ជឿ​ថា​មាន​ជាតិ​មុន​ជាតិ​ក្រោយ ការ​ធ្វើ​អំពើ​ល្អ​ ជា​កិរិយា​គួរ​គោរព។

ប៉ុន្តែ​សម្រាប់​ខ្ញុំ ការ​ធ្វើ​បុណ្យ​ គឺ​មិន​មែន​សម្រាប់​ជាតិ​ខាងមុខ​ទេ។ ការ​ធ្វើ​អំពើ​ល្អ​គឺ​សម្រាប់​​ជាតិ​នេះ ព្រោះ​ថា​ឋាន​សួគ៌មាន​តែ​​នៅ​ក្នុង​ជាតិ​នេះទេ។ ប៉ុន្តែ​ការ​ធ្វើ​បុណ្យ​​ដែល​ខ្ញុំ​សង្កេត​ឃើញ ភាគ​ច្រើន​ជា​ការ​ធ្វើ​បុណ្យ ដែល​មិន​ប្រកប​ដោយ​បញ្ញា​ទេ។ នេះ​ជា​ការ​ធ្វើ​បុណ្យ​ប្រក​ប​ដោយ​ចិត្ត​លោភ មិន​មែន​ជា​ប្រភេទ​បុណ្យ ដែល​អាច​អោយ​ផល​ដល់​អ្នក​​សមប្រកប​ដោយ​លក្ខណៈ​គ្រប់គ្រាន់​បាន​ទៅ​ដល់​ឋាន​សួគ៌​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ធ្វើ​បុណ្យ​​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​ចិត្ត​ទោមនស្ស​ និង​ប្រាកដ​ជា​នាំ​អ្នក​ទៅ​រក​ទុក្ខ។

ជាក់ស្តែង ខ្ញុំ​បាន​ឃើញ​មាន​មនុស្ស​ខ្មែរ​ខ្លះ ដោយ​សេចក្តី​លោភ​របស់​ខ្លួន បាន​នាំ​គ្នា​ធ្វើ​បុណ្យ​សង់​របង​វត្ត ឬ​កសាង​អគារ​ក្នុង​វត្ត​ជា​ដើម។ ដោយ​អំណាច​នៃ​សេចក្តី​លោភ ម្នាក់​ៗ​ចង់​បាន​មុខ​មាត់ ហើយ​សង្វាត​ចង់​ឲ្យ​គេ​ដាក់​ឈ្មោះ​ខ្លួន​ចារ​លើ​ផ្ទាំង​របង​ដែល​ខិត​ជិត​ទ្វារ​របង ឬ​ចំណែក​នៃ​អាគារ​ដែល​ងាយ​មើល​ឃើញ​។ ធ្វើ​ដូច្នេះ ទើប​អ្នក​ផង​ទាំង​ពួង​ដែល​ឆ្លង​ទៅ​មក​​ បាន​ឃើញ​និង​បាន​ល្បី សម​តាម​កិលេស​នៃ​មនុស្ស​ដែល​មិន​ប្រកប​ដោយ​បញ្ញា។

បុគ្គល​ទាំង​ឡាយ​ណា​ដែល​ធ្វើ​បុណ្យ​ដោយ​កិរិយា​លោភលន់​បែប​នេះ នឹង​ប្រាកដ​ជា​ជួប​ទុក្ខ​ ចេញ​ពី​អំពើ​ខ្លួន​មិន​ខាន។ នេះ​ក៏​ដោយ​សារ មនុស្ស​ប្រភេទ​នេះ បើ​មិន​បាន​សម​បំណង​ខ្លួន និង​ប្រទុស្តសរាយ​នឹង​ខ្លួន​ឯង ដែល​ជា​ហេតុ​នាំ​ទៅ​រក​ទុក្ខ​ជា​ពុំ​ខាន​ឡើយ។ សេចក្តី​លោភ​របស់​គាត់​ប្រាកដ​ជា​មាន​ច្រើន​អនែក ហើយ​យើង​ដឹង​ហើយ​ថាសេចក្តី​លោភ​កាន់​តែ​ច្រើន លទ្ធភាព​ដែល​មិន​បាន​សម្រេច​ដូច​បំណង​កាន់​តែ​ច្រើន ទុក្ខ​កាន់​តែ​ច្រើន។ ចុង​ក្រោយ​ ចិត្ត​មិន​បាន​ស្ងប់​ និង​មិន​បាន​ដល់​ឋាន​សួរ​ឡើយ។

និយា​យ​ដល់​ត្រង់​នេះ យើង​អាច​សួរ​ថា ​ហេតុ​អ្វី​បាន​ព្រះ​សង្ឃខ្លួន​ឯង ដែល​ជា​ជន​គួរសាបព្រួស​នូវ​សច្ច​ធម៌​ ដែល​មិន​មាន​សេចក្តី​លោភ បែ​ជា​នាំ​គ្នា​ធ្វើ​របង​ហើយ ចាំ​បាច់​ត្រូវ​ចារ​ឈ្មោះ​ទៀត ដែល​នេះ​ជា​ដើម​ចម​នៃ​ទុក្ខ​សម្រាប់​បរិស័ទ្ទខ្លះ​ផង។

ចំលើយ​គឺ​១​ចំណែក​គឺ​ដោយសារ​ ព្រះ​សង្ឃ​ខ្លួន​ឯង​មិន​មាន​បញ្ញា ស្តី​អំពីឋាន​សួគ៌ សេចក្តី​សុខ​ក្នុង​ចិត្ត និង​សច្ចភាព​ពិត​នៃ​ជីវិត។ មួយ​​វិញ​ទៀត ដោយសារ​សេចក្តី​លោភ​របស់​ខ្លួន និង​សេចក្តីលំអៀង​របស់​ខ្លួន ដែល​ចង់​ឲ្យ​មាន​ការ​លោភ​លន់​នេះ អ្នក​ជឿ​តាម​ខ្លួន​កាន់​តែ​មាន​ចិត្ត​លោភលន់​នៅ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន។ ខណៈ​ដែល​មនុស្ស​សត្វ​ត្រូវ​ការ​ទី​ជំរក ដើម្បី​ការពារ​ខ្លួន​ពី​ធម្ម​ជាតិ និង​បង្ក​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ចូល​រួម​ចំណែក​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​ និង​ទិស​ដៅ​សង្គម រាល់​ការ​សាង​សង់​ ដែល​ធ្វើ​ឡើង​ដើម្បី​ភាព​អស្ចារ្យ ជា​ទង្វើ​ផ្ទុយ​នឹង​សាសនា​ព្រះ​ពុទ្ធ និង​មិន​បំរើ​ពុទ្ធសាសនាទេ។

តាម​ពិត​ ការ​ធ្វើ​បុណ្យ​ត្រូវ​ញ៉ាំង​ដោយ​ចិត្ត​បរិសុទ្ធ និង​មិន​គិត​ពី​ផល​ត្រលប់ ទើប​នាំ​បុគ្គល​នោះ​ទៅ​ឋាន​សួគ៌​បាន។ អ្នក​ទាំង​ឡាយ​ណា​ ដែល​មិន​មាន​សេចក្តី​លោភ​ចង់​បាន​មុខមាត់ ទាម​ទារ​ឲ្យ​មាន​ឈ្មោះ​ខ្លួន​​លើ​ផ្ទាំង​របង​ ឬ​មិន​ប្រកាន់​យក​ឈ្នះ​រក​ទី​តាំង​ដាក់​ឈ្មោះ​ខ្លួន ដើម្បី​ឲ្យ​​គេ​ឯង​មើល​ឃើញ ជា​បុគ្គល​ប្រកប​ដោយ​បញ្ញា។ មនុស្ស​ប្រភេទ​នេះ មិន​មែន​ជា​មនុស្ស​ឥត​បញ្ញា​ទេ។ តាម​ពិត​គាត់​ជា​មនុស្ស​មាន​បញ្ញា​ពិត​ប្រាកដ ហើយ​គាត់​ច្បាស់​ជា​បាន​ដល់​សេចក្តី​សុខ​ក្នុង​ចិត្ត​ឥតគណនា​។ តាម​ពិត​គាត់​មិន​មែន​ល្ងង់​ទេ គឺ​អ្នក​ដែល​លោភ​លន់​ទេ​ជា​មនុស្ស​ដែល​មិន​ប្រកប​ដោយ​បញ្ញា និង​មិន​សម​ប្រកប​បាន​ទៅ​ឋាន​សួរ។

ទង្វើ​ប្រកប​ដោយ​បញ្ញា ជា​ទង្វើ​ដែល​ធ្វើ​ឡើង ដើម្បី​សេចក្តី​សុខ​របស់​ខ្លួន និង​សេចក្តី​សុខ​របស់​អ្នក​ដទៃ។ នេះ​ខ្ញុំ​មិន​សំដៅ​ថា អ្នក​ដទៃរស់​មិន​បាន​ដោយ​គ្មាន​យើង​ទេ។ តាម​ពិត​យើង​ខ្លួន​ឯង​ជា​អ្នក​ដទៃ​សម្រាប់​មនុស្ស​ផ្សេង ហើយ​មនុស្ស​ផ្សេង​ទៀត​ជា​អ្ន​កដទៃ​សម្រាប់​យើង។ ប៉ុន្តែ​ដោយសារ ការ​រស់​នៅ​ក្នុង​សង្គមរមែង​​តែង​មិន​សម​ប្រកប​ដូច​ដែល​មនុស្ស​យើង​ចង់​បាន និង​តែង​មាន​សភាព​មិន​ដូច​គ្នា ការ​ពឹង​អាស្រ័យ​គ្នា ជា​រឿង​ធម្ម​តា។ គឺ​ការ​ពឹង​អាស្រ័យ​គ្នា​នេះ​ហើយ ដែល​បង្ក​ជាឱកាស​សម្រាប់​ការ​សាង​កុសល ធ្វើ​អំពើ​ល្អ ដែល​នាំ​ដល់​សេចក្តី​សុខ​ក្នុង​ចិត្ត និង​បាន​ទៅ​ឋានសួគ៌​ពិត​ប្រាកដពេល​ខ្លួន​នៅ​មាន​អាយុសង្ខា។

ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស​នេះ​ហើយ ដែល​ធ្វើ​យើង​​មាន​លទ្ធភាព​ស្វែង​យល់​អំពី​អ្វី​ជា​ជីវិត​ពិត​ប្រាកដ ​ហើយ​អ្វី​ជា​សេចក្តី​សុខ​ពិត​ប្រាកដ និង​អ្វី​ជា​ឋាន​សួគ៌​ពិត​ប្រាកដ។ ព្រះ​ពុទ្ធ​មិន​បាន​ប្រៀន​ប្រដៅ​មនុស្ស​អោយ​ធ្វើ​អំពើ​អាក្រក់​លើ​គ្នា​ទេ មិន​អោយ​សម្លាប់ ឬធ្វើ​បាប​អ្នក​ដទៃ​តាម​ការ​លួច​ប្លន់ ការ​ឆក់ ការ​បោក​ប្រាស់ ការ​កុហក និង​ការ​ធ្វើ​ទុក្ខ​បុកម្និញ​ផ្សេង​ទៀតនោះ​ទេ។ នេះ​យើង​​អាច​យល់​បាន​ថា ក៏​ដោយសារ​គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​គេ​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន​ទេ។ ហើយ​បើ​យើង​មិន​ចង់​អោយ​គេ​ធ្វើ​ដូច្នេះ​មក​លើ​ខ្លួន ថា​តើ​យើង​ខ្លួន​ឯង​គួរ​ធ្វើ​អំពើ​ទាំង​នេះ​លើ​អ្នក​ដទៃ​ទេ? ប្រាកដ​ជាមិន​គួរ​ទេ។ សច្ចភាព​នេះ​ហើយ​ជា​ប្រភព​​នៃ​សុភមង្គល និង​សេចក្តី​សុខ។

ឋាន​សួគ៌​ពិត​ ប្រាកដ​ជា​នឹង​សន្ឋិត​ឡើង​ក្នុង​ចិត្ត​មនុស្ស​គ្រប់គ្នា​ ពេល​យើង​បាន​ចូល​រួម​ចំណែក​ដល់​ការ​កសាង​បញ្ញា​សម្រាប់​សង្គម​ទាំង​មូល។ គឺ​ការ​អប់​រំ​បញ្ញា​នេះ​ហើយ ដែល​នឹង​នាំ​ដល់​ការ​កំចាត់​បង់​នូវ​សេចក្តី​លោភ​​ ការ​ប្រកាន់​ភ្ជាប់​ខ្លាំង​ពេក ការ​ខឹង​ក្រោដ ទាំង​ឡាយ​ដែល​នាំ​ទុក្ខ​ដល់​អ្ន​កដទៃ និង​បង្ក​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មនុស្ស​ផង​គ្នា​កាន់​តែ​ច្រើន​បាន​ទៅ​ដល់​​សេចក្តី​ស្ងប់​ និង​ដល់​ឋាន​សួគ៌។

ដោយសារ​សង្គម​មនុស្ស​ប្រែប្រួល ការ​រីក​ចំរើន​បច្ចេក​វិទ្យា វិទ្យាសាស្ត្រ ​និង​ការ​រៀប​ចំជីវិត​មាន​ការ​ប្រែ​ប្រួល​ឥត​ឈប់​ឈរ​ក្នុង​រយៈ​ពេល​ពីរ​បី​រយ​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​សិក្សា​អំពី​ការ​រស់​នៅ​នៃ​សង្គម​ដទៃ​ក៏​មាន​សារសំខាន់​ខ្លាំង​ខាង​ការ​បង្កើត​បញ្ញា។ នេះ​ក៏​ដោយសារ ការ​សិក្សា​ពី​អតីតកាល​ក្នុង​សង្គម​ឥណ្ឌា​តែ​១​មុខ មិន​គ្រប់គ្រាន់​សម្រាប់​បង្កើន​បញ្ញា ឲ្យ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ ដើម្បី​បដិបត្តិ​ជីវិត​១​ប្រកប​ដោយ​អត្ថន័យ សម្រាប់​សម្រេច​បាន​នូវ​សេចក្តី​សុខ​ដែល​មនុស្ស​ចង់​បាន ដោយ​បញ្ញា។

ដើម្បី​ធ្វើ​ដូច្នេះ​បាន ទាម​ទារ​ឲ្យ​មាន​ការ​អប់​រំ​១​ទូលំ​ទូលាយ និង​មាន​លក្ខណៈ​ទំនើប សំដៅ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​យល់​ដឹង​អំពី​ពិភព​លោក​ទាំង​មូល​​ តាមសច្ច​ធម៌​របស់​ជីវិត​អ្នក​ផង​ទាំង​ឡាយ​។ ចំណេះ​ដឹង​នេះ​នឹង​ញ៉ាំង​ជីវិត​បុគ្គល​គ្រប់​រូប​ឲ្យ​មាន​ជំរើស​ក្នុង​ការ​រស់​នៅ​ដោយ​បញ្ញា ដែល​ជា​យាន​នាំ​ទៅ​ដល់​សេចក្តី​សុខ និង​ឋាន​សួគ៌។

ពេល​មនុស្ស​​មាន​បញ្ញា​ គេអាច​យល់​បាន​ថា ឋាន​សួគ៌​នៅ​ជិត​បង្កើយ ដូច​​អ្វី​ដែល​អ្នក​និពន្ធ​ចំរៀង​ឋាន​សួគ៌​នៅ​ឯណា តាក់​តែង​ឡើង​ដូច្នោះ​ដែរ។ ពេល​មាន​បញ្ញា​ ឋានសួគ៌​នេះ កើត​ឡើង​នូវ​គ្រប់​ទំនាក់​ទំនង​មនុស្ស​ទាំង​អស់ មិន​ថា​តែ​ខាង​ផ្នែក​ស្នេហា​នោះ​ទេ។ បើ​គ្រប់គ្នា​រំពឹង​ថា​ឋាន​សួគ៌​មិន​ ​មាន​តែ​នៅ​ជាតិ​ក្រោយ​នោះ ការ​ស្វែង​រក​ឋាន​សួគ៌​ជា​ការ​ភូត​កុហក់ និង​ជា​មាយា​នៃ​ជីវិត​យ៉ាង​ប្រាកដ។ ជំនឿនេះ​ជា​ប្រភព​នៃ​ទុក្ខ ព្រោះ​ថា ជាតិ​ក្រោយ​មិន​មា​ទេ។ ជិវិត​មាន​តែ​១​ទេ។ ការ​ជឿ​លើ​អ្វី​ដែល​យើង​មិន​អាច​ដឹង​បាន គឺ​ជា​ការ​ជឿ​ដោយ​គ្មាន​បញ្ញា។

ជីវិត​ឥត​ខ្ចោះ​ មិន​មែន​ជា​ជីវិត​ទេ។ ជីវិត​ឥត​ទុក្ខ​​មិន​មែន​ជា​ជីវិត​ទេ។ ជីវិត​ប្រកប​ដោយ​សុខ​ជា​អចិន្ត្រៃយ៍​មិន​មែន​ជា​ជីវិត​ទេ។ អ្វី​ដែល​យើង​ត្រូវ​បដិបត្តិ​ជីវិត​ គឺ​កាត់​បន្ថយ​ទុក្ខ និង​បង្កើត​សេចក្តី​សុខ​តាម​កំរិត​អតិបរិមា។ យើង​អាច​ធ្វើ​ដូច្នេះ​បាន តាម​រយៈ​ការ​បង្កើន​បញ្ញា​របស់​យើង​គ្រប់គ្នា ដោយ​សិក្សា​អំពី​តម្រូវ​ការ​របស់​ជីវិត បែប​ផែន​នៃ​ជីវិត​ប្រកប​ដោយ​សុខ និង​ទុក្ខ ដោយ​ប្រើ​ប្រាស់​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា​ទំនើប​ជា​ជំនួយ​សម្រាប់​ការ​រីក​ចំរើន​សង្គម និង​សេចក្តី​ស្ងប់​ក្នុង​ចិត្ត។ ឋាន​សួគ៌​នៅ​ជិត​បង្កើយ​ ហើយ​អ្នក​មាន​បញ្ញា​អាច​ទៅ​ដល់​ឋាន​សួគ៌​បាន​នៅ​ក្នុង​ជាតិ​នេះ៕

Leave a comment